លោកសូ អាកណូ កូនប្រុសអតីតលោកឧត្តមសេនីយ៍ឯកសូ ផន អគ្គស្នងការរងនគរបាលជាតិ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានឧក្រិដ្ឋជនដោះលែងពីអន្ទាក់មរណៈវិញហើយ បន្ទាប់ពីចរចាត្រូវរ៉ូវគ្នា កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី២៣ តុលា ២០១១ ហើយជាងមួយម៉ោងក្រោយមក លោកបានមកដល់ផ្ទះស្ទុះឱបប្រពន្ធកូន និងឪពុកម្តាយ ដោយសុវត្ថិភាព និងរីករាយ ដែលអាចចាត់ទុកថាជាសំណាងល្អបំផុតមួយក្នុងការរស់រានមានជីវិត ជាលើកទី២ឡើងវិញ។ ការដោះលែងលោកសូ អាកណូ ឱ្យមានជិវិតឡើងវិញនេះ គឺធ្វើឡើងបន្ទាប់ពីឧក្រិដ្ឋជនបានបើកការចរចាចុងក្រោយមួយជាមួយ ម្តាយលោកសូ អាកណូ យ៉ាងស្វិតស្វាញ និងម៉ឺងម៉ាត់បន្ទាប់ពីបាត់ទំនាក់ទំនងអស់រយៈពេលជិត១០ថ្ងៃ ដែលបង្កឱ្យមានការភ័យរន្ធត់ចំពោះជីវិតចុងក្រោយរបស់លោកសូ អាកណូ ថា តើស្លាប់ ឬរស់? តាមប្រភពព័ត៌មានជិតស្និទ្ធនឹងរឿងចាប់ជំរិតនេះបានឱ្យដឹងថា វេលាព្រឹកថ្ងៃទី១៣ តុលា ២០១១ ស្រាប់តែទូរស័ព្ទរបស់ម្តាយរបស់លោកសូ អាកណូ រោទិ៍ឡើង...គឺឧក្រិដ្ឋជនបានបើកការចរចាដោយទម្លាក់ប្រាក់មកនៅ ត្រឹម៦០ម៉ឺនដុល្លារ លោកស្រីជាម្តាយបានអង្វរថា ដើរប្រមូលប្រាក់ពីនេះពីនោះអស់ហើយបាន៤០ម៉ឺនដុល្លារប៉ុណ្ណោះ ...ពួកឧក្រិដ្ឋជនក៏ផ្តាច់ទំនាក់ទំនងដើម្បីពិចារណាបន្តិចសិន។ ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសដែលតាមប្រមាញ់ សភាពការណ៍នេះបានឱ្យដឹងថា តាមរយៈទំនាក់ទំនងនេះគឺក្រុមចោរបានធ្វើឡើងតាមប្រព័ន្ធ Online (អនឡាញ, ចោរអាចប្រើឡេបថបភ្ជាប់អិនធើរណេត) ដើម្បីគេចពីប្រព័ន្ធរ៉ាដារបស់សមត្ថកិច្ច ពោលគឺធ្វើបែបនេះវាពិបាកឱ្យប៉ូលិសតាមប្រមាញ់ជាងការ ទាក់ទងតាមរយៈទូរស័ព្ទដៃ។ ទោះជាយ៉ាងណា ប៉ូលិសនៅតែដឹងថា ពួកឧក្រិដ្ឋជនកំពុងលាក់ខ្លួននៅម្តុំស្ពានថ្មផ្លូវទៅចំការដូង (ប្រហាក់ប្រហែល) ប៉ុន្តែស្តាយណាស់ពួកចោរ និងម្តាយជនរងគ្រោះនិយាយគ្នាខ្លីពេក ធ្វើឱ្យបាត់ដាន...។ ឧក្រិដ្ឋជនបង្ខំឱ្យរៀបចំប្រាក់៦០ម៉ឺនដុល្លារ ប៉ុន្តែម្តាយជនរងគ្រោះសុំឱ្យនៅត្រឹម៤០ម៉ឺនដុល្លារ ដូច្នេះការចរចាអាចថា ត្រូវរ៉ូវគ្នាពីចន្លោះ៤០ទៅ៥០ម៉ឺនដុល្លារហើយ ប៉ុន្តែទោះជាយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មានរបស់សមត្ថកិច្ចប៉ុណ្ណោះ ព្រោះមិនមានប្រភពណាមួយហ៊ានអះអាងពិតប្រាកដទេ ក្រៅតែពីម្តាយជនរងគ្រោះ...ម្យ៉ាងក្រុមគ្រួសារមិនសហការជាមួយ សមត្ថកិច្ចទេ ម៉្លោះហើយព័ត៌មានត្រូវទទួលបានប្រផិតប្រផើយប៉ុណ្ណោះ ។ លុះព្រលប់បន្តិចប្រព័ន្ធរ៉ាដារបស់សមត្ថកិច្ចបានបង្ហាញសញ្ញាថា ឧក្រិដ្ឋជនបានទាក់ទងម្តាយជនរងគ្រោះជាលើកទី២ ប៉ុន្តែ លើកនេះសញ្ញាតាមដានបានចង្អុលបង្ហាញថា ឧក្រិដ្ឋជនអាចកំពុងស្ថិតនៅម្តុំផ្សារថ្មី...ការនិយាយគ្នាក៏មិន មានរយៈពេលវែងដែរ ព្រោះឧក្រិដ្ឋជនខ្លាចប៉ូលិសតាមដានក៏បញ្ចប់ការសន្ទនា ភ្លាមៗតែម្តង។